
មណ្ឌលគិរី៖ «សហគមន៍កសិកម្មក្រងតេះ» គឺជាសហគមន៍កសិកម្មតែមួយគត់ ដែលមានជំនាញដាំផ្លែស្រកានាគ និងផលិតស្លឹកមន នៅខេត្តមណ្ឌលគីរី ដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញានេះ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា សហគមន៍នេះ កំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង ២ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រព និងផ្លូវកៅស៊ូជិត ១០ គីឡូម៉ែត្រផងដែរ។
បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេច និងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ៕
