
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នារសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញានជ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមជម្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមាន កម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល ៣០០ នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះដល់ម៉ោង ១៦និង២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣និង៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិនបានប៉ុន្មាននាទីផង។
នៅក្នុងហេតុការណ៍នេះផងដែរ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្ម របស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើង ចំនួន ២៨ អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាលផងដែរ។
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕





