2025-09-19 18:33
81

ប៉េកាំង៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមថ្លែងសុន្ទរថាក្នុងសម័យប្រជុំពេញអង្គ លើកទី៤ ក្រោម​ប្រធានបទ ការកសាងសន្តិភាពក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចពិគ្រោះយោបល់ នៃវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញ របស់ នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាស នៃការចូលរួមវេទិកា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី ការកសាងសន្តិភាពតំបន់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ (Building Reginal Peace Through Dialogue and Consultation)

នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារទ្វេភាគីជាមួយ នាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង ដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ 

ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូ នៃបណ្តាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ម៉ាឡេស៊ី និង សិង្ហបូរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា៕