
ក្នុងឱកាសនៃជំនួប, ឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និងប្រកបដោយភាពរឹងមាំ»។
ជាមួយគ្នានេះ, លោក Olivier RICHARD បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា រីកចម្រើន និងរឹងមាំថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោក Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន រួមទាំងវិស័យឯកជន និង វិស័យ ឯកជន។ សម្ដេចបវរធិបតីបានបញ្ជាក់ថា «វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀត សម្រាប់ប្រទេសទាំងពីរ»។
សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានគាំទ្រដល់បទឈប់បាញ់កន្លងមក និងបានជម្រាបជូនលោកអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាពស្តីពី ការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕
ឯកអគ្គរដ្ឋទូតបារាំងថ្មី បានជម្រាបជូនសម្ដេចបវរធិបតី ហ៊ុន ម់ាណែត ថា «លោកបានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ»៕