2025-09-19 19:16
94

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ​ ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល​ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ​ក្នុងការ​ការពារអាយុជីវិត​សេចក្តីសុខសុវត្ថិភាព​ និងព្យាយាមឱ្យដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។

ការជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជា ដែលត្រូវបានចាប់ខ្លួនទាំង១៨រូប ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

យោងតាមប្រភពពពីក្រសួងការជាតិ ថ្ងៃនេះជា ថ្ងៃទី៥២ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕