2025-09-19 19:44
91

កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន បានទទួលរូបភាពពីសាធារណជនដែលបានបង្ហាញ ទីតាំងជាក់ស្តែងដែលជនខិលខូច បានឈូសឆាយ ទន្ទ្រានដី សាងសង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ «គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីបរិស្ថានកំពុងចុះរុះរើសំណង់ខុសច្បាប់នៅឧទ្យានជាតិគីរីរម្យ និងបានកសាងសំណុំរឿងនិងបានបញ្ជូនទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍អំពីជនល្មើស ដែលបាននិងកំពុងធ្វើការកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ «គិរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕