
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជួយសម្រួលចរាចរណ៍ នៅចំណុចរង្វង់មូលស្ពានព្រែកតាមាក់ (ត្រើិយខាងកើត) ជូនដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកំពុងវិលត្រឡប់មកស្រុកកំណើត នាឱកាសរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
ការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជួយសម្រួលចរាចរណ៍ ពីសំណាក់លោកអភិបាលស្រុកខ្សាច់កណ្ដាលនាពេលនេះ ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះតែម្ដង ខណៈការធ្វើចរាចរតាមដងផ្លូវ គឺមមារញឹកជាងថ្ងៃធម្មតា។ នៅក្នុងឱកាសនេះ លោកអភិបាលស្រុកខ្សាច់កណ្ដាល លោកសូមជូនពរ ពុកម៉ែ បងប្អូន ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសុខចម្រើនជានិច្ចនិរន្តរ៍ ។
ក្រៅពីការជួយសម្រួលចរាចរណ៍ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានណែនាំឱ្យមន្ត្រីគ្រាប់លំដាប់ថ្នាក់ទាំងអស់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលាផងដែរ៕






