2025-09-25 09:58
114

ភ្នំពេញ៖ សម្ដេចតេជោ ប្រមុខរដ្ឋស្តីទី បានលើកឡើងបញ្ជាក់បន្ថែមថា «បើសម្ដេចស្លាប់កាលពី២៧ឆ្នាំមុន ក្នុងព្រឹត្តិការណ៍វាយប្រហារប៉ុនប៉ងធ្វើឃាតលើសម្តេច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៧ ការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ប្រទេសជានឹងបន្តមានសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ គឺម្ខាងគ្រប់គ្រងដោយរាជរដ្ឋាភិបាល និងម្ខាងទៀតគ្រប់គ្រងដោយខ្មែរក្រហម»

សម្ដេចតេជោ ហ៊ុន សែន ចេញមកបន្ថែមដូច្នេះ តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បន្ទាប់ពីកាលពីល្ងាចម្សិលម៉ិញ សម្ដេចតេជោ បានរម្លឹកថា «បើសម្តេចរងរបួស ឬបាត់បង់ជីវិត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៧ ក្នុងការវាយប្រហារមកលើសម្តេចនៅទីរួមខេត្តសៀមរាប នោះកម្ពុជានឹងគ្មានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយ “ឈ្នះ-ឈ្នះ” បានស្លាប់ទៅហើយ»។ 

នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះ ៖«ម្សិលម៉ិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់ នៃនយោបាយឈ្នះ-ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើញតែមួយជ្រុង នៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។
សម្តចតេជោបានបន្ថែមថា ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។

១. ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២. គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣. ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម និងទី៤. មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។

តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕