
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ នៅសាកលវិទ្យាល័យភូមិន្ទ។
កិច្ចដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងតំណាង និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ក្នុងដំណាក់កាលវិញ្ញាសាសរសេរនេះ មានបេក្ខជនចូលរួម សរុបចំនួន ១ ៦៨១ រូប ដោយប្រព្រឹត្តទៅរយៈពេញមួយថ្ងៃពេញ ដែលមានមុខវិជ្ជា ចំនួន ០៣ រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ និងនីតិរដ្ឋប្បវេណី៕



