
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើ។
លោកបានបន្ថែមថា នៅព្រឹកនេះដែរ ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។
សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទនេះ ការធ្វើចរាចរឆ្លងកាត់ផ្លុវជាតិលេខ ៥៥ ត្រូវបានកកស្ទះមិនអាចធ្វើដំណើរទៅមកបានទេ ដោយសារកំណតអាចម៍ដី និងថ្ម បានបាក់ធ្លាក់ចំរ៉ាកភ្នំមកគេលើតួផ្លូវ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងតាមផ្លូវនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

