2025-09-30 10:50
37

ភ្នំពេញ៖  រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញានេះ បានលើកលើកឡើងថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ ស្តីពី សន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះ ត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។ 

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា MOU ឆ្នាំ២០០០ ស្តីពី ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា, ត្រូវបានចុះបញ្ជីនៅ អ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយ អ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ, មិនមានកាលបរិច្ឆេទផុតកំណត់ និងមិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី។

លោក សេង ឌីណា បានបញ្ជាក់ថា «ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការកំណត់ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ហើយមិនមានរដ្ឋភាគីណាមួយអាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ»៕