
ភ្នំពេញ៖ «កម្ពុជា ជាប្រទេសតូចមួយ ដែលផ្តោតជាចម្បងលើការកសាងឡើងវិញ នូវសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជនរបស់ខ្លួន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ»។ នេះជាការលើកឡើង របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ នៅទៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងឱកាសនៃកិច្ចពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនួបទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគីមួយចំនួនទៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី និងហ្នំប៊ី។ ជំនួបពិភាក្សានេះ បានផ្តោតលើការបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពហុភាគី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានយកឱកាសនោះរៀបរាប់ត្រួសៗ ជូនរដ្ឋមន្ត្រីការបរទេសទាំងនោះ នូវបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ និងបានបញ្ជាក់សារជាថ្មីពីជំហររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះឱ្យបានពេញលេញ និងស្មោះត្រង់ ដើម្បីឈានទៅកាន់ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី តាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ និងចង់បានដំណោះស្រាយចំពោះជម្លោះនេះ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងបានអញ្ជើញចូលរួមកិច្ចប្រជុំ (១+៣) រួមមាន អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ ក្នុងគោលបំណងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើងវិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ៕



