
កណ្ដាល៖ ជនសង្ស័យ០១ក្រុម មានគ្នាចំនួន ០៣ នាក់ ក្នុងនោះជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ ធ្វើសកម្មភាពចងការប្រាក់ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាប់ការតាមផ្លូវច្បាប់។
ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាថ្នូរនឹងការបញ្ចាំ ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១- ឈ្មោះ រ៉ន ឆរី ភេទ ស្រី អាយុ ៤៤ឆ្នាំ មុខរបរ (មេផ្ទះ), ២- ឈ្មោះ ង៉ យ៉ាំងធីង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ (អ្នកបកប្រែ) សញ្ជាតិវៀតណាម, និងទី៣- ឈ្មោះ DO THE HIEN ភេទ ប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិវៀតណាម។
តាមរបាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពចងការប្រាក់ឱ្យប្រជាពលរដ្ឋតាមភូមិ ដោយយកសៀវភៅគ្រួសារ អត្តសញ្ញាបណ្ណ និងឯកសារផ្សេងជាការដាក់បញ្ចាំ ទើបមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ទើបកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ភ្លាមៗ។
ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចងការប្រាក់ ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារដើម ដូចជា សៀវភៅស្នាក់នៅ (ក២) ឬ សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីលុយបានហើយពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃៗត្រូវបង់ទាំងការទាំងដើម ចំនួន ៣ម៉ឺនរៀល និងបង់កម្រៃជើងសារ ចំនួន ១១ម៉ឺនរៀល។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ បានបញ្ជាក់ថា៖ ជនសង្ស័យតម្រូវឲ្យពួកគេបង់កម្រៃជើងសារចំនួន ១០ម៉ឺនរៀល ឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA, CB ដែលមាន ឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋ ចំនួន ១០នាក់ នៅក្នុង ស្រុកកណ្ដាលស្ទឹង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ សៀវភៅស្នាក់នៅ ០៤ ច្បាប់, សៀវភៅគ្រួសារ ០១ ច្បាប់, អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក, ឯកសារកិច្ចសន្យា ០៩ ច្បាប់ ដែលបានសរសេររួច, ប្រដាប់កៀប ១, ប្រាក់ខ្មែរ ចំនួន ៤លានរៀល, ប្រាក់ដុល្លារ ចំនួន ១.៥០០ ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ ចំនួន ០២ គ្រឿង និងទូរសព្ទដៃ ចំនួន ០៤ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ចាត់ការបន្តតាមនិតិវិធីច្បាប់៕



