2025-10-02 12:35
15

ភ្នំពេញ៖ នៅចំពោះមុខតំណាងប្រទេស ជាង ១៥០ មកពីលើពិភពលោក ក្នុង «សន្និសីទពិភពលោកយូណេស្កូស្តីពី គោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយ ចីរភាព - MONDIACULT 2025»  លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានបកអាក្រាតទង្វើដ៏អាក្រក់ របស់ប្រទេសថៃ ដែលបានវាយប្រហារដោយអាវុធធន់ធ្ងន់ ការទម្លាក់គ្រាប់បែកពីលើយន្តហោះ ដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិ បានបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភ័ណ្ឌពិភពលោកយ៉ាងធ្ងន់ធ្ងរបំផុត។

សូមជម្រាបថា លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានដឹកនាំគណៈប្រតិភូ ICAPP/ACC ចូលរួម «សន្និសីទពិភពលោកយូណេស្កូស្តីពី គោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព - MONDIACULT 2025» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។

ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ លោក សួស យ៉ារ៉ា បានលើកឡើងថា៖ «វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋាន គ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជា មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌ វប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះ ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ»។

ដូចក្នុងករណីប្រាសាទព្រះវិហារ លោក សួស យ៉ារ៉ា បានថ្លែងថា៖ «ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថា ប្រាសាទនេះ នៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធន់ធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែក ចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរ»។

ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការយូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ ឱ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេលបច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់ជាងពេលណាទាំងអស់។

លោក សួស យ៉ារ៉ា ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅក្នុងការងារវប្បធម៌ និងសន្តិភាព ក្នុងនាមជាដៃគូររបស់អង្គការយូណេស្កូតាំងពីឆ្នាំ២០១៨ ដោយបានធ្វើការងារគាំទ្រដល់ការទូតវប្បធម៌ កិច្ចសន្ទនាអន្តរជំនឿ និងការសិក្សាពីសន្តិភាព រួមមានគំនិតផ្តួចផ្តើមតេជោភូមិ១០០ ដែលជាការតភ្ជាប់ច្រករបៀងវប្បធម៌ និងនវានុវត្តន៍បច្ចេកវិទ្យា។ មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំ ACC លើកទី៣ នៅកម្ពុជា នៅឆ្នាំ២០២៤ ក៏បានអនុម័ត «សេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ» ដោយបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដើម្បីមនុស្សជាតិ និងភពផែនដី (UPC) ដែលមានសសរស្តម្ភចំនួនប្រាំ រួមមាន៖ “ការកសាងសន្តិភាព, ការទប់ស្កាត់ជម្លោះ, យុត្តិធម៌អន្តរកាល, សន្តិសុខស្បៀង និងការកសាងឡើងវិញក្រោយជម្លោះ” ហើយមកទល់បច្ចុប្បន្នមានការគាំទ្រពីសភា និងស្ថាប័នអន្តរជាតិជាង៦០។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានធ្វើការកត់សម្គាល់អំពី បទពិសោធន៍របស់ប្រទេសកម្ពុជា ដែលវប្បធម៌បានរួមចំណែកជាក់ស្តែងដល់ការកសាងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌវប្បធម៌។ កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យក្នុងការការពារបេតិកភណ្ឌរូបី និងអរូបី តាមរយៈយន្តការអន្តរជាតិ និងភាពជាដៃគូរួមមានយន្តការ ICC-Angkor និង ICC-Preah Vihear ដែលបានបង្ហាញពីរបៀបនៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការការពារតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក និងជំរុញសន្តិភាព។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ុន បូផាណា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ ក៏បានថ្លែងអំពីវប្បធម៌ និងការអប់រំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចូលក្នុងកម្មវិធីសិក្សាអំពី ការពិតនៃប្រវត្តិសាស្ត្រនិងអក្សរសាស្ត្រ ដែលជាឬសគល់ដ៏សំខាន់នៃការកសាងវប្បធម៌នៃសន្តិភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមានរវាងជាតិសាសន៍ខុសគ្នា ជាពិសេស ប្រទេសមានភូមិផងរបងជាប់គ្នា ដើម្បីបញ្ចៀសការយល់ច្រលំនៃប្រវត្តិសាស្ត្រដែលបន្តកើតឡើងក្នុងស្រទាប់ យុវជនជំនាន់ថ្មី ក្នុងន័យកសាងនូវទំនុកចិត្ត និងសន្តិភាពនាពេលអនាគត។

សូមបញ្ជាក់ថា «សន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០២៥ - MONDIACULT 2025» បានអនុម័តនូវឯកសារលទ្ធផល MONDIACULT 2025 ដើម្បីជំរុញគោល នយោបាយវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌ ក្នុងការជំរុញនូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយកិច្ចការអភិរក្សវប្បធម៌តាមរយៈការអប់រំ និងសកម្មភាពបរិស្ថាននានា គឺត្រូវឆ្លើយតបនឹងការប្រែប្រួលនៃបច្ចេកវិទ្យា និងការវិវត្តន៍យ៉ាងលឿននៃបញ្ញា សិប្បនិម្មិត្ត និងការប្រែប្រួលនៃបរិស្ថាន៕