2025-10-02 16:09
12

ភ្នំពេញ៖ រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ជាច្រើន ដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំ ដើម្បីការពារជាតិ។ នេះគឺជាការកត់សម្គាល់ របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា បានលើកឡើងថា ព័ត៌មានដែលមានចរិតញុះញង់ និងបំបែកបំបាក់ទាំងនោះ ធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖

ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។

ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ 

ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស និងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។

«ប៉ុន្តែ អ្វីជាការកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងនោះ គឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្ម និងយ៉ាងសមស្រប និងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស»។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា។ 

សូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីការពារផលប្រយោជន៍ជាតិ ក្នុងនាមជាខ្មែរ ដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរ ទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯង នៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុង និងក្រៅប្រទេស បាននិងកំពុងបន្តធ្វើ គឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

សូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕