
កោះថ្មីមួយបានបង្ហាញរាងយ៉ាងមិនគួរឲ្យជឿនៅភាគអាគ្នេយ៍អាឡាស្កា បន្ទាប់ពីផ្ទាំងទឹកកកបានរលាយនិងបង្កើតជាបឹងមួយ នេះបើយោងតាមរូបភាពពីផ្កាយរណបរបស់ NASA ។
កោះតូចមួយដែលមានទំហំប្រហែល 5 គីឡូម៉ែត្រការ៉េ ពីមុនជាភ្នំដែលគេស្គាល់ថាជា Prow Knob ហ៊ុព័ទ្ធដោយទឹកកកក្រាស់។
បន្ទាប់ពីការកើនឡើងនៃសីតុណ្ហភាពសកលបានបណ្តាលឱ្យទឹកកកទាំងនោះរលាយយ៉ាងឆាប់រហ័ស និងបង្កើតជាបឹង Alsek រួចបានក្លាយជាកោះដាច់ពីគេ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី៤ តុលា។
អង្គការ NASA បានគូសបញ្ជាក់ថា ការរលាយនៃផ្ទាំងទឹកកកយ៉ាងឆាប់រហ័ស គឺជាលទ្ធផលផ្ទាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស។
ចាប់តាំងពីឆ្នាំ 1984 មក បឹង Alsek បានពង្រីកខ្លួនវាពី 45 គីឡូម៉ែត្រការ៉េទៅ 75 គីឡូម៉ែត្រការ៉េ ដោយមានការរួមចំណែកពីផ្ទាំងទឹកកក Harlequin និង Grand Plateau ដែលមានទំហំធំជាងទ្វេដងក្នុងរយៈពេល 40 ឆ្នាំកន្លងមកនេះ។
នៅទូទាំងពិភពលោក ផ្ទាំងទឹកកកកំពុងរលាយក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក។ អ្នកវិទ្យាសាស្ត្រកត់សម្គាល់ថា ផ្ទាំងទឹកកកចំនួន 275,000 របស់ពិភពលោក មានការគ្របដណ្ដប់ប្រហែល 70% នៃទឹកសាបរបស់ផែនដី។
ការរលាយយ៉ាងលឿនកំពុងបញ្ចេញទឹកសាបប្រហែល 200 ពាន់លានតោនទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ដោយផ្ទាំងទឹកកកមួយចំនួននៅអឺរ៉ុបកណ្តាលបានធ្លាក់ចុះជិត 40% ឯណោះ។
អ្នកជំនាញបានព្រមានថា ការបាត់បង់ទឹកកកយ៉ាងឆាប់រហ័សបែបនេះ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់មនុស្ស ប្រសិនបើការប្រែប្រួលអាកាសធាតុនៅតែបន្តដោយមិនមានការត្រួតពិនិត្យពេញមួយសតវត្សរ៍ទី 21 នេះនោះទេ៕
