
កងទ័ពថៃ បានព្រមានមកលើកម្ពុជាថា ប្រសិនបើកម្ពុជាមិនមានផែនការជម្លៀសប្រជាជនចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរកំពុងរស់នៅលើទឹកដីរបស់ថៃ ឱ្យបានមុនថ្ងៃទី០៧ ខែតុលា ខាងមុខនេះទេ ថៃមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី១០-១២ ខែតុលា ក្នុងខេត្តបន្ទាយមានជ័យឡើយ។
ការព្រមានរបស់ថៃ បានធ្វើឡើងតាមរយៈលិខិតផ្លូវការរបស់មេបញ្ជាការភូមិភាគទី១ថៃ ជូនដំណឹងមកយោធភូមិភាគទី៥ របស់កម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ ពេលនេះ ភាគីថៃ កំពុងយកតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ របស់កម្ពុជា ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan មេបញ្ជាការភូមិភាគទី១ របស់ថៃ បានចេញលិខិតផ្លូវការជូនដំណឹងទៅកាន់យោធភូមិភាគទី៥ របស់កម្ពុជា ស្នើឲ្យរៀបចំផែនការជម្លៀសប្រជាពលរដ្ឋកម្ពុជា ចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ដែលភាគីថៃ អះអាងថា ពលរដ្ឋខ្មែរកំពុងរស់តំបន់នេះ គឺស្ថិតក្នុងភូមិបានណងចាន់ និងភូមិបានណងយ៉ាកែវ ក្នុងស្រុកខោកស៊ុង និងភូមិបានតាប្រាយ៉ា ក្នុងស្រុកបានតាប្រាយ៉ា ខេត្តស្រះកែវ។
លោក Worayos បានបញ្ជាក់ក្នុងលិខិតដោយបានកំណត់ច្បាស់ថា កម្ពុជាត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នេះ ឱ្យបានមុនថ្ងៃទី០៧ ខែតុលា។
ប្រសិនបើមិនជម្លៀសចេញទេ ខាងថៃអាចមិនចូលរួមកិច្ចប្រជុំ RBC ឡើយ។
ពាក់ព័ន្ធការលើកឡើងរបស់កងទ័ពភូមិភាគទី១ របស់ថៃ បែបនេះ ខាងកម្ពុជា មិនទាន់មានការឆ្លើយតបទៅវិញនៅឡើយទេ។
ប៉ុន្តែកម្ពុជា ធ្លាប់បានបដិសេធជាច្រើនលើកមកហើយចំពោះការអះអាងរបស់ថៃថា ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺនៅលើទឹកដីរបស់ថៃ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
