2025-10-05 12:27
58

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃអាទិត្យនេះថា សេដ្ឋកិច្ចរបស់ខ្លួនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ 8.22% នៅក្នុងត្រីមាសទី 3 ក្រោយពេលដែលពន្ធ 20% លើការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកបានចូលជាធរមាន ក្នុងការបង្កើនល្បឿនពីកំណើន 7.96% នៅក្នុងត្រីមាសទីពីរ។

តាមការចេញផ្សាយពីសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៥ តុលា បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបាននិយាយថា "វាគឺជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2011 ដោយមិនរាប់បញ្ចូលការកើនឡើងនៅឆ្នាំ 2022 នោះទេដោយសារតែការងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19" ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថាក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ GDP វៀតណាម បានកើនឡើង 7.84% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 ។

គួរឲ្យដឹងថា ប្រទេសវៀតណាមកំពុងកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនពី 8.3% ទៅ 8.5% នៅឆ្នាំនេះ។ ដែលគោលដៅនេះ ត្រូវបានចាត់ទុកថា លឿនជាងកំណើន 7.09% កាលពីឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក 6.6% រួមទាំងការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានកំណើន 6.5%៕