
ចិន៖ ស្រ្ដីជនជាតិចិនម្នាក់បានធ្លាក់ចូលទៅក្នុងអណ្ដូងជ្រៅមួយ ដែលគេបោះបង់ចោល និងពោរពេញដោយពស់ព័ទ្ធជុំវិញខ្លួននាង ជាហេតុធ្វើឲ្យនាងត្រូវស៊ូទ្រាំតោងជាប់នឹងជញ្ជាំងរយៈពេល ២ ថ្ងៃ មុនពេលអ្នកជួយសង្គ្រោះបានរកឃើញ និងសង្គ្រោះដោយជោគជ័យ។
គេហទំព័របរទេសមួយបានរាយការណ៍ពីឧបទ្ទវហេតុមួយ ដែលកំពុងបង្កការចាប់អារម្មណ៍លើអ៊ីនធឺណិតនៅក្នុងប្រទេសចិន ដែលស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់បានរស់រានមានជីវិតដោយអព្ភូតហេតុបន្ទាប់ពីធ្លាក់ចូលទៅក្នុងអណ្តូងដែលគេបោះបង់ចោលក្នុងព្រៃជ្រៅ។ នាងត្រូវតោងជាប់នឹងជញ្ជាំងអណ្តូងតូចចង្អៀតអស់រយៈពេល ៥៤ ម៉ោង មុនពេលក្រុមអ្នកជួយសង្គ្រោះបានរកឃើញ។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីពាក់កណ្តាលខែមុន នៅពេលដែលស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់មានឈ្មោះថា Qin មកពីទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន បានចេញទៅដើរលេងក្នុងព្រៃក្បែរផ្ទះ បន្ទាប់មកនាងបានធ្លាក់ចូលទៅក្នុងទឹកជ្រៅនៃអណ្ដូងដែលគេបោះបង់មួយ ជាមួយនឹងមាត់តូចចង្អៀត និងបាតធំទូលាយ ដែលធ្វើអោយនាងមិនអាចឡើងទៅលើបាន។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃនៅថ្ងៃទី៦ តុលា នេះបានឲ្យដឹងថា បន្ទាប់ពីធ្លាក់ចូលទឹកហើយ នាងបានហែលទឹក និងព្យាយាមអណ្តែតខ្លួនតោងជាប់នឹងថ្មដែលបង្កប់ នៅជញ្ជាំងស្រះទីនោះជាងពីរថ្ងៃកន្លះ។
នារីរងគ្រោះបាននិយាយទាំងទឹកភ្នែកថា “ពេលនោះខ្ញុំស្ទើរតែអស់កម្លាំង និងបាត់បង់ក្តីសង្ឃឹមជាច្រើនដង នៅទីនោះ មូសខាំមិនឈប់ ហើយមានពស់ទឹកជាច្រើន ហែលជុំវិញខ្ញុំ។"
ក្រោយបាត់ខ្លួននាងជាយូរ ក្រុមគ្រួសារជនរងគ្រោះខាងលើ បានជូនដំណឹងភ្លាមៗដល់អាជ្ញាធរឱ្យស្វែងរកនាង។
ក្រោយមក ក្រុមជួយសង្គ្រោះដែលមានបុគ្គលិកជាង ១០ នាក់ ដែលបំពាក់ដោយយន្តហោះគ្មានមនុស្សបើក និងបំពាក់ដោយម៉ាស៊ីនថតរូបភាពកម្ដៅ បានស្វែងរកតំបន់នោះយ៉ាងលឿន។
គេបានឮសំឡេងស្រែកឲ្យជួយ ខណៈនោះ ក្រុមស្រាវជ្រាវ ក៏បានរកឃើញស្ត្រីរងគ្រោះមានសភាពអស់កម្លាំង រាងកាយរបស់នាងបានលិចក្នុងទឹក ដៃពោរពេញដោយសភាពស្លេក កំពុងតោងជាប់នឹងស្នាមប្រេះនៅជញ្ជាំងអណ្តូង ។
ក្រោយពេលជួយសង្គ្រោះ ក្រុមសង្គ្រោះបានប្រញាប់ប្រញាល់យកនារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ។
ជាលទ្ធផល គ្រូពេទ្យបានរកឃើញថា នាងបានបាក់ឆ្អឹងជំនីរចំនួនពីរ សួតរលំបន្តិច និងរបួសធ្ងន់ធ្ងរនៅដៃនាងដោយសារជាប់នឹងជញ្ជាំងអណ្តូង។
រឿងរ៉ាវរបស់នារីខាងលើ បានសាយភាយពេញបណ្ដាញអនឡាញក្នុងប្រទេសចិន ដោយមនុស្សជាច្រើនបានសរសើរទឹកចិត្តដ៏មហិមារបស់នាងក្នុងការតស៊ូដើម្បីរស់រានមានជីវិត៕
