2025-10-10 09:30
14

បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ របស់កម្ពុជា បានឆ្លើយតបទៅមេបញ្ជាការកងកម្លាំងបូព៌ាថៃ ស្តីពី ការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទល់មុខតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃប្រទេសថៃ ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ គឺធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឡើយ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥  បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងស្តីពី ការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ) របស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ រួចរាល់ហើយ។

យោងតាមលិខិតឆ្លើយតប របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ កម្ពុជា ដាក់ទៅលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងកម្លាំងបូព៌ា របស់ថៃ ពាក់ព័ន្ធសេចក្តីជូនដំណឹងពីការដោះមីនក្នុងតំបន់ខាងលើ បានបញ្ជាក់ថា យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែន កម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗ។

លោឧត្តមសេនីយ៍ សឹង្ហ ទុំ បានបញ្ជាក់ក្នុងលិខិតផ្ញើជូន មេបញ្ជាការ កងកម្លាំងបូព៌ាថៃ ថា «ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូតមកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួល ចំនួន ០២ លើករួចមកហើយ»។ 

កម្ពុជា បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។

ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រមព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។

ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF៕