
បន្ទាយមានជ័យ៖ ថ្ងៃនេះ គឺជាថ្ងៃទី៤ នៃការរំលោភបំពាន ធ្វើទុក្ខបុកម្នេញ រំខានដំណេកដល់ជនស៊ីវិលកម្ពុជា ពីសំណាក់យោធាថៃ តាមរយៈការចាក់ឧបករណ៍បំពងសំឡេងធំៗ មានសំឡេងខ្មោងលង សត្វឆ្កែលូ ព្រុស សំឡេងយន្ត និងបញ្ចាំងភាពយន្ត ។ល។ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំពោះសកម្មភាពអមនុស្សធម៌របស់ថៃ កំពុងស្ថិតក្រោមក្រសែភ្នែកក្រុមអ្នកសង្កេតការណ៍អន្តរកាល OIT និងសហមគន៍អន្តរជាតិ ហើយកម្ពុជាបានថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃនេះផងដែរ។
យោងតាមកំណត់ត្រាការវិវត្តនៃស្ថានការណ៍ និងការរំលោភបំពានរបស់ថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ពីយប់ថ្ងៃទី១៣ ដល់ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖
១) ភូមិជោគជ័យ៖ ភាគីថៃបានបន្តប្រើឧបករណ៍បំពងសំឡេងខ្លាំងៗ ដោយចាក់បទភ្លេង សំឡេងខ្មោច សំឡេងឆ្កែលូ និងចម្រៀងជាបន្តបន្ទាប់ ចាប់ពីម៉ោង ២១និង២០នាទី រហូតដល់ម៉ោង ២៣និង៤៧នាទី និង
ទី២) ភូមិព្រៃចាន់៖ ភាគីថៃបានបន្តប្រើ ឧបករណ៍បំពងខ្លាំងៗ ដូចគ្នានឹងភូមិជោគជ័យ ចាប់ពីម៉ោង ១៨និង៤២នាទី រហូតដល់ម៉ោង ០១និង០៧នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែតុលា។
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ប្តេជ្ញាចូលរួមការពារឱ្យបានបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយប្រកាន់នូវភាពអត់ធ្មត់ខ្ពស់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមគោលការណ៍ច្បាប់។
សូមជម្រាបថា ការវិវត្តសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចុងក្រោយនេះ កាន់តែអាក្រក់ទៅឡើយពីសំណាក់ក្រុមយោធាចម្រុះរបស់ថៃមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង ដោយពួកគេដាក់កងកម្លាំងប្រដាប់ដោយអាវុធ ធ្វើសកម្មភាពឈូសឆាយ និងរាវមីនលើដីចំការរបស់ពលរដ្ឋខ្មែរយ៉ាងគឃ្លើនដែលបំពានទៅនឹងច្បាប់អន្តរជាតិ រំលោភអធិបតេយ្យភាពកម្ពុជា តាមរយៈអនុវត្តច្បាប់ថៃ លើទឹកដីរបស់កម្ពុជា និងពេលយប់ប្រើប្រាស់ឧបករណ៍បំពងសំឡេងចាក់សំឡេងខ្មោង ឆ្កែលូ ព្រុស យន្តហោះ បញ្ចាំងភាពយន្ត ដើម្បីរំភិតបំភ័យ និងរំខានដំណេកប្រជាពលរដ្ឋជាជនស៊ីវិលកម្ពុជា ដែលទង្វើនេះ គឺជាការធ្វើទារុណកម្មផ្លូវអារម្មណ៍យ៉ាងធ្ងន់ ដែលច្បាប់អន្តរជាតិហាមឃាត់។
ពាក់ព័ន្ធសកម្មភាពអមនុស្សធម៌របស់ថៃ គណៈកម្មាការធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងស្នើសុំឱ្យមានការស៊ើបអង្កេតលើទង្វើដ៏ឃោឃៅ អមនុស្សធម៌មកលើកជនស៊ីវិលកម្ពុជាផងដែរ៕



