2025-10-16 18:16
23

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រាប់អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ គឺលោកស្រី គីម ជីណា ថា៖ «កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារកិច្ចការងារ ដើម្បីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េជំនួសកម្ពុជាឡើយ»។ សម្តេចនាយករដ្ឋមន្ត្រី បានផ្តាំទៅមេដឹកនាំប្រទេសមួយនោះថា «គួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»។

នាព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលានេះ សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅថ្ងៃនេះ សម្តេចបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤  កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។ 

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយបានផ្សាយថា “មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ”។ 

ពាក់ព័ន្ធការលើកឡើងនេះ សម្តេចនាយករដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី គីម ជីណា ថា៖ «ប្រសិនករណីនេះ ជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា “កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ”»។ 

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និងមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ»៕