2025-10-16 21:27
22

ពោធិ៍សាត់៖  ក្រុមយោធាថៃ ប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រ និងរថពាសដែកសម្រុកធ្វើផ្លូវឡើងមកកាន់ តំបន់អូរភ្លុកដំរី ជាប់ព្រំដែនកម្ពុជា ជាប់ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងរាយបន្លាលួស ប៉ុន្តែកងកម្លាំងកម្ពុជាជួរមុខ បានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដោយភាពអត់ភាពអត់ធ្មត់ និងគោរពនូវបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនបផុត។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមទាហានថៃ ជាច្រើននាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ មានរថពាសដែក និងគ្រឿងចក្រធ្វើសកម្មភាពឈួសឆាយផ្លូវចូលមកកាន់ចំណុច «អូរភ្លុដំរី» ក្បែរភូមិឯកភាព ឃុំថ្មដា ដែលជាតំបន់ហាមឃាត់ ដែលថៃរាយបន្លាលួស ពោល គឺកៀកនឹងទឹកដីកម្ពុជាតែម្តង។

តាមប្រភពបានបន្ថែមទៀតថា ករណីយោធាថៃ ឈូសឆាយផ្លូវចូលតំបន់នេះ កងកម្លាំងកម្លាំងបានចូលទៅហាមឃាត់ និងចរចាគ្នាដោយសន្តិវិធី មិនបង្កឱ្យមានភាពតានតឹងឡើយ ប៉ុន្តែកងកម្លាំងកម្ពុជា បានត្រៀមលក្ខណគ្រប់ពេលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីមិនឱ្យមានការឈ្លានពានចូលមកលើកម្ពុជាឡើយ។

ពាក់ព័ន្ធសកម្មភាពខាងលើនេះ យើងមិនទាន់សុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានោះទេ ប៉ុន្តែលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ធ្លាប់បានប្រាប់ដល់មហាជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បន្តតាមដានព័ត៌មានតាមរយៈផេកផ្លូវការរបស់ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ក៏ដូចជាផេងរបស់ក្រសួងការពារជាតិផងដែរ៕