កណ្តាល៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងក្លិបសមាជិក នាព្រឹកថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ដោយរយៈពេលសាងសង់ ២០ខែ នឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤ លាន ៤០ ម៉ឺន ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0 ហើយនឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ ដែលមានផ្ទៃក្រឡា ៦៧,៣៥៣ ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
កីឡដ្ឋាន គោកធ្លក អាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅប្រមាណ ១២ ម៉ឺននាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបាន ចំនួន ៤,២០០នាក់ ។
ការសាងសង់ទីស្នាក់ការ និងកីឡដ្ឋានថ្មីនេះ មានគោលបំណងជំរុញឱ្យការអភិវឌ្ឍបាល់ទាត់កម្ពុជា ឡើងកាន់តំណែងខ្ពស់ជាងមុន តាមបេសកកម្មរបស់សហព័ន្ធក្នុងការផ្ដល់មូលដ្ឋានសម្រាប់ការបណ្តុះបណ្តាល និងការប្រកួតជាតិអន្តរជាតិ៕








