2025-11-17 11:23
5

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ចំពោះកងកម្លាំងកម្ពុជាទាំង ១៨រូប ដែលត្រូវបានយោធាថៃប្រើល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ សម្ដេចចាត់ទុកតាំងពីដំបូងថា កងទ័ពទាំង ១៨នាក់បានធ្វើពលីកម្មចំពោះជាតិរួចហើយ ព្រោះថៃយកយោធិនខ្មែរដាក់ជាលក្ខខណ្ឌដោះដូរតាមទំនើងចិត្ត។

ការថ្លែងលើកឡើងនេះរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

សូមជម្រាបឲ្យដឹងថា ក្រោយប្រើល្បិចចាប់ខ្លួនកងកម្លាំងកម្ពុជាពីសំណាក់យោធាថៃរួចមក ប្រទេសនេះតែងតែយកយោធិនខ្មែរដើម្បីគម្រាម និងដាក់លក្ខខណ្ឌគ្រប់រូបភាពលើកម្ពុជាដើម្បីឲ្យអនុវត្តតាមការគម្រាម ដោះដូរយោធិនកម្ពុជាតាមទំនើងចិត្តខ្លួន។

លើសពីនេះ មិនថាតែយោធា និងរដ្ឋាភិបាលថៃនោះទេ គឺតែងតែបង្ហាញទង្វើផ្ទុយពីពាក្យសម្ដីដែលពួកគេបានលើកឡើងជានិច្ច។ តួយ៉ាងយោងតាមសារព័ត៌មានថៃ ដែលបានចុះផ្សាយព្រោងព្រាត ក្នុងការបញ្ជាក់ក្ដែងៗថា រដ្ឋាភិបាលថៃនឹងសម្រេចបញ្ជូនកងកម្លាំងកម្ពុជាទាំង១៨ នាក់ មកវិញនៅថ្ងៃទី១២ វិច្ឆិកា នោះ ដែលធ្វើឡើងតាមសេចក្ដីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំងពួ ប្រទេសម៉ាឡេស៊ី ស្រាប់តែនៅថ្ងៃទី១០ វិច្ឆិកា នាយករដ្ឋមន្រ្តីថៃបែរជាចេញមកក្រឡាស់សម្ដីថា នឹងមិនដោះលែងយោធិនកម្ពុជានោះទេ ដោយយកលេសថាកម្ពុជា លួចដាក់មីនថ្មីបង្ករឲ្យទាហានខ្លួនរងរបួសទៅវិញ៕