2025-11-17 11:31
6

ភ្នំពេញ៖ ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការគាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តនូវខឿនការពារជាតិរបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួមពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ខឿនការពារជាតិរបស់ប្រជាជន” បានអនុវត្តតាំងពីដើមរហូតពេលនេះ។ មិនមែនកងទ័ពមានភារកិច្ចដាច់ដោយឡែក ដើម្បីការពារជាតិទេ ត្រូវមានការរួចំណែកពីប្រជាពលរដ្ឋធ្វើជាខឿនការពារជាតិ ហើយការរួមចំណែកនេះ បានធ្វើនាពេលកន្លងទៅយ៉ាងផុសផុល។

សម្តេចតេជោបានថ្លែងអំណរគុណដល់ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានគាំទ្រ និងចូលរួមជាមួយកងទ័ពរបស់យើង ដើម្បីការពារជាតិនាពេលកន្លងទៅនេះ មានទាំងជំនួយឧប្ថម្ភនានាបានដល់កងទ័ពជួរមុខ និងបានផ្តល់នូវសម្ភារៈទ្រទ្រង់ដល់សុវត្ថិភាពដល់កងទ័ព ដូចជា អាវក្រោះ ម៉ាស់ការពារ កាសបិទត្រចៀក និងសម្ភារៈផ្សេងៗទៀតជាដើម។ 
សម្តេចតេជោបានគូសបញ្ជាក់ថា៖ «បើកាលណាជាតិរលត់ ជាតិត្រូវបានបាត់បង់ ប្រទេសជាតិត្រូវគេបំពាន ជាន់ឈ្លី សាសនាក៏ត្រូវគេបំពានដែរ»៕