2023-06-30 11:04
654

 

ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការរិនី និងនិយោជិត ក្នុងខេត្តពោធិ៍សាត់ចំនួន ៦ ៨៦៨ នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់ឱ្យមានការពិភាក្សាឬពិគ្រោះយោបល់ ជាមួយអង្គការ សង្គមស៊ីវិលឡើយសម្រាប់ការបង្កើតច្បាប់ឬវិសោធនកម្មច្បាប់នានានៅកម្ពុជាឡើយ”។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “គឺមានបក្ស ចំនួន ០២ បូកជាមួយអង្គការមួយចំនួនផងនោះបានចេញមកប្រតិកម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិគ្រោះយោបល់ជាមួយគណបក្ស និងអង្គការសង្គមស៊ីវិល។ នេះមិនមែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែជាវិធានការច្បាប់ដើ ម្បីដំណើរការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។ អញ្ចឹងលោកឯងមើលក្នុងច្បាប់នេះទៅលោកឯងប្រហែលជាស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិនឱ្យអ្នកឯងឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា “អស់លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់បង្កើតជាអង្គការដើម្បីមកប្រតិកមកម្មជាមួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណាងឱ្យមនុស្សប៉ុន្មាននាក់ ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ ហើយសេចក្តីថ្លែងការណ៍នោះហើយមានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។ អញ្ចឹងទេ! ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញមិន បានកំណត់ឱ្យរាជរដ្ឋាភិបាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេសូមកុំព្រហើន”។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតសរុប៦ ៨៦៨ នាក់ មកពីរោងចក្រសហគ្រាស ចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ ដែលជំនួបថ្ងៃនេះ គឺ ជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ៕