តាមការបញ្ជាក់ពីកម្លាំងជំនាញ បានឲ្យដឹងថា គ្រាប់បែក និងសំណល់យុទ្ធភណ្ឌមួយចំនួន មិនបានផ្ទុះនៅពេលបាញ់ចូលមកក្នុងទឹកដីកម្ពុជា ហើយត្រូវបានរកឃើញរាយប៉ាយលើផ្ទៃដី ខ្លះលិចរាក់ និងខ្លះទៀតលិចជ្រៅក្នុងដី ឬក្នុងតំបន់មានទឹក ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងកុមារ ដែលអាចចូលទៅជិតដោយអចេតនា។
កម្លាំង CMAC បានប្រើប្រាស់ឧបករណ៍បច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដើម្បីស្វែងរក កំណត់ទីតាំង និងបោសសម្អាតគ្រាប់ទាំងនេះចេញពីតំបន់រស់នៅ និងដីស្រែចម្ការ របស់ប្រជាពលរដ្ឋ មុននឹងធ្វើការកម្ទេចចោលតាមនីតិវិធីសុវត្ថិភាពខ្ពស់។
មន្ត្រីជំនាញបានគូសបញ្ជាក់ថា ទោះបីជាគ្រាប់យុទ្ធភណ្ឌស្ថិតនៅលើដី លិចរាក់ ឬលិចជ្រៅក្នុងដី ឬក្នុងទឹកក៏ដោយ កម្លាំង CMAC ត្រូវតែយកចេញ និងកម្ទេចចោលឲ្យអស់ ដើម្បីបំបាត់ហានិភ័យ និងការគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ជាមួយគ្នានេះ អង្គភាព CMAC ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតំបន់ជាំក្សាន្ត និងតំបន់ជិតខាង សូមកុំចូលទៅប៉ះពាល់ ឬយកវត្ថុសង្ស័យដែលមានសណ្ឋានជាគ្រាប់បែក ឬសំណល់យុទ្ធភណ្ឌ និងត្រូវជូនដំណឹងភ្លាមៗដល់អាជ្ញាធរមូលដ្ឋាន ឬកម្លាំង CMAC ដើម្បីចាត់វិធានការបោសសម្អាតឲ្យបានទាន់ពេលវេលា។
ប្រតិបត្តិការនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការការពារជីវិតប្រជាពលរដ្ឋ ការស្តារសុវត្ថិភាពតំបន់ និងការបន្តកិច្ចខិតខំរបស់កម្ពុជា ក្នុងការកម្ចាត់សំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅសេសសល់ពីអតីតកាល និងពីស្ថានការណ៍ជម្លោះថ្មីៗ៕
_1768884039.jpg)









