2026-03-03 17:49
13

ច្បាប់អន្តរជាតិលែងមានប្រសិទ្ធភាព ប្រទេសតូចរងការឈ្លានពាន ងាយរងគ្រោះពីមហាអំណាច ប្រទេសធំៗមានសព្វាវុធទំនើបៗ បង្កឲ្យពិភពលោកចាប់ផ្ដើមអស្ថេភាព​ បន្ទាប់ពីផ្លាស់ប្តូរផ្នត់គំនិតលែងការគោរពច្បាប់ ងាយមកប្រើកម្លាំងជំនួស អ្នកណាខ្លាំង អ្នកនោះជាម្ចាស់នៃផែនដី ។ 

បន្ទាប់ពីផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិច និងអ៊ីស្រាអែល បើកវាយប្រហារលើអ៊ីរ៉ង បណ្ដាលឲ្យមេដឹកនាំកំពូលអ៊ីរ៉ងស្លាប់ ធ្វើឲ្យអ៊ីរ៉ងឆ្លើយតបវិញយ៉ាងចាស់ដៃដោយដ្រូន មីស៊ីផ្លោង មិនរើសគោលដៅលើប្រទេសដែលមូលដ្ឋានព័ទអាមេរិចឈរជើង បង្កភាពតានតឹងកាន់តែខ្លាំងឡើង បង្កផ្សែងខ្មៅងងឹតផ្ទៃមេឃ ។ 

បន្ទាប់ពីឃើញពីភាពចលាចលក្នុងពិភពលោកបែបនេះ អតីតនាយករដ្ឋមន្រ្តីរបស់សិង្ហបុរី បានចេញសារដាស់តឿន ពីការត្រៀមខ្លួនសំរាប់សង្រ្គាម  និងត្រូវបានដកស្រង់ចែករំលែកបន្តដោយ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ ៖  លោក លី ស៊ានលុង អតីតនាយករដ្ឋមន្រ្តីរបស់សិង្ហបុរី ចេញសារដាស់តឿនថា សង្រ្គាមបានចាប់ផ្តើមហើយ ចូរត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីទប់ទល់នឹងរាល់កម្លាំងប៉ះទង្គិចដែលកំពុងនឹងមកដល់។ 

ហើយនេះជាការណែនាំរបស់៖  លោក លី ស៊ានលុង អតីតនាយករដ្ឋមន្រ្តីរបស់សិង្ហបុរី ចំនួន៥ ខ៖ 

ខ១. ពិភពលោកនាយុគសម័យថ្មីនេះគឺប្រកបដោយហានីភ័យ ហើយរីករាលដាលលឿនណាស់លឿនជាងព្រំដែន 

ខ២. ប្រទេសតូចៗត្រូវកសាងសមត្ថភាពការពារខ្លួនពីខាងក្នុង មិនមែនរង់ចាំការគាំពារ ឬពឹងលើបច្ច័យពីខាងក្រៅនោះទេ

ខ៣. បង្កើនល្បឿនអភិវឌ្ឍជំនាញថ្មីៗ ជាពិសេស AI ដែលនឹងក្លាយជាឧបករណ៍សំខាន់ក្នុងការទប់ទល់នឹងភាពប្រែប្រួលរយៈពេលវែង

ខ៤. រក្សាភាពស្ងប់ស្ងាត់ និងសាមគ្គីក្នុងសង្គម ព្រោះស្ថិរភាពសង្គមមានសារសំខាន់មិនចាញ់ស្ថិរភាពសេដ្ឋកិច្ចឡើយ។

ខ៥. នៅក្នុងពិភពលោកដែលមិនអាចគ្រប់គ្រងបាន «ភាពអាចបត់បែន និងធន់ទ្រាំ (Resilience)» គឺជាទ្រព្យ សម្បត្តិដ៏មានតម្លៃបំផុត។

ក្នុងន័យនេះឆ្លុះបញ្ជាំងថា ប្រទេសតូច ទន់ខ្សោយ ត្រូវពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ឲ្យរឹងមាំ មានតិចធ្វើតិច កុំ​រំពឹងជំនួយពីក្រៅគេផលិតសំរាប់លក់មិនមែនអំណោយឡើយ​ ជាពិសេសត្រូវដើរឲ្យទាន់សម័យកាលនៃបច្ចេកវិទ្យាថ្មីៗនាសម័យឌីជីថល និងកំលាំងសាមគ្គីផ្ទៃក្នុងជារឿងចាំបាច់ សាមគ្គីរស់បែកបាក់ស្លាប់ ៕