2026-03-20 09:29
18

យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក បានទម្លាក់ខ្លួនពីអាកាសយ៉ាងរហ័សដើម្បីរកកន្លែងចុះចតជាបន្ទាន់នៅឯមូលដ្ឋានអាកាសនៅមជ្ឈិមបូព៌ាបន្ទាប់ពី មានការសង្ស័យថា វាបានរងការវាយប្រហារពីអ៊ីរ៉ង់។ នេះបើតាម CNN បានរាយការណ៍នៅថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីរដែលដឹងពីបញ្ហានេះ។

ក្រោយហេតុការណ៍នេះកើតឡើង វរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យរបស់បញ្ជាការកណ្តាល (CENTCOM) បានចេញមកបញ្ជាក់ភ្លាមៗថា F-35 ពិតជាត្រូវបានចុះចតជាបន្ទាន់មែន ខណៈដែលវាកំពុងបំពេញបេសកកម្មប្រយុទ្ធលើអ៊ីរ៉ង់។ 

ប៉ុន្តែវរសេនីយ៍ឯកខាងលើ មិនបានបញ្ជាក់លម្អិតថា ការចុះចតភ្លាមៗរបស់ F-35 ស្ថិតក្រោមមូលហេតុនៃការវាយប្រហារពីអ៊ីរ៉ង់នោះទេ។ គាត់គ្រាន់តែបកស្រាយថា F-35 បានចុះចតដោយសុវត្ថិភាព ហើយអ្នកបើកយន្តហោះស្ថិតក្នុងស្ថានភាពសុវត្ថិភាពដូចគ្នា។ គាត់បន្តថា ឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

យ៉ាងណាក៏ដោយ តាមអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃនេះបានធ្វើការបញ្ចេញវីដេអូមួយ ដែលបង្ហាញពីឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដតាមដានយន្តហោះដែលស្រដៀងទៅនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិក។ 

ក្នុងឃ្លីបវីដេអូខ្លីនោះ គេសង្កេតឃើញ មានកាំជ្រួចមួយបានហោះយ៉ាងលឿនវាយប្រហារចំយន្តហោះមួយគ្រឿ ដែលបណ្ដាលឲ្យវាផ្ទុះ និងពោរពេញដោយផ្សែងហ៊ុយទ្រលោមពេញអាកាស។ ក្រោយបែកធ្លាយវីដេអូនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសក្ដែងៗថា ពួកគេបានវាយប្រហារ និងបំផ្លាញយន្តហោះ F-35 របស់អាមេរិកហើយ។

យ៉ាងណាមិញ ជុំវិញការអះអាងរបស់អ៊ីរ៉ង់ អាមេរិកមិនទាន់ចេញមកបញ្ជាក់ថាវាជាការពិតនោះទេ ប៉ុន្តែប្រសិនបើរឿងនេះជាការពិត នោះវាជាលើកទីមួយហើយ ដែលអ៊ីរ៉ង់មានសមត្ថភាពបាញ់ទម្លាក់យន្តហោះបំបាំងកាយដ៏សាហាវបំផុតរបស់អាមេរិកបាន។ 

តាមអ្នកអត្ថាធិប្បាយយោធា លោក Tyler Rogoway បានព្រមានថា កងកម្លាំងអាមេរិក និងអ៊ីស្រាអែល នៅតែប្រឈមមុខនឹងហានិភ័យ ប្រសិននៅតែបន្តប្រតិបត្តិការចូលជ្រៅក្នុងទឹកដីអ៊ីរ៉ង់៕