យោងតាមទូរទស្សន៍រដ្ឋដាណឺម៉ាក DR បានរាយការណ៍កាលពីថ្ងៃទី19 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល និងយោធាថា ទាហានដាណឺម៉ាកបាននាំយកគ្រឿងផ្ទុះ រួមទាំងថង់ឈាមជាច្រើនដាក់ជាប់ខ្លួនពួកគេ អំឡុងពេលទាហានទាំងនោះត្រូវបានដាក់ពង្រាយទៅកាន់កោះ Greenland កាលពីខែមករា។
ការធ្វើបែបនេះ ក្នុងបំណងដើម្បីរៀបចំត្រៀមការពារប្រសិនមានការវាយប្រហារណាមួយកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងជាថ្មីថា លោកមិនបានច្រានចោលជម្រើសនៃការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រង Greenland នោះទេ។
ទាហានដាណឺម៉ាក នាំគ្នារៀបចំគ្រឿងផ្ទុះដើម្បីបំផ្ទុះផ្លូវរត់នៅឯអាកាសយានដ្ឋានសំខាន់របស់កោះ Greenland រីឯថង់ឈាមដែលដាក់ជាប់ខ្លួនពួកគេ ត្រូវបានដាក់ត្រៀមព្យាបាលទាហានដែលរងរបួសក្នុងករណីមានការប្រយុទ្ធ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អឺរ៉ុបពីររូបបានបញ្ជាក់ពីព័ត៌មាននេះ ខណៈដែលក្រសួងការពារជាតិដាណឺម៉ាកបដិសេធមិនធ្វើការអត្ថាធិប្បាយទេ។
តាមមន្ត្រីអឺរ៉ុបម្នាក់បានឌឺដងឲ្យ លោក ត្រាំ ថា «ក្រោយឧបទ្ទវហេតុវេណេស៊ុយអេឡា អាមេរិកជឿជាក់ថាពួកគេអាចធ្វើអ្វីក៏បាន»។ និយាយផ្លែផ្ការួច មិនយូរប៉ុន្មាន អង្គភាពយោធាតូចមួយដែលមានសមាសភាពចេញពីទាហានដាណឺម៉ាក បារាំង អាល្លឺម៉ង់ ន័រវេស និងស៊ុយអែត ត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់រដ្ឋធានី Greenland នៃ Nuuk និងទីប្រជុំជន Kangerlussuaq ភាគខាងជើង។ បន្ទាប់ពីការដាក់ពង្រាយនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា នេះគ្រាន់តែជាកម្លាំងបឋមប៉ុណ្ណោះ ហើយកម្លាំងបន្ថែមនឹងត្រូវបានពង្រឹងមិនថានៅលើដី លើអាកាស និងនៅសមុទ្រនោះទេ។
យោងតាមប្រភពពី DR បង្ហាញថា ការដាក់ពង្រាយបន្ទាប់ទៅកាន់ Greenland រួមមានទាហានដាណឺម៉ាកជាន់ខ្ពស់ និងអង្គភាពបារាំងដែលត្រូវបានបណ្តុះបណ្តាលដើម្បីប្រតិបត្តិការនៅតំបន់ដែលមានកំពស់ខ្ពស់ និងតំបន់ត្រជាក់។ យន្តហោះដាណឺម៉ាក និងនាវាទ័ពជើងទឹកបារាំងក៏ត្រូវបានគេដាក់ពង្រាយនៅអាត្លង់ទិកខាងជើងដែរ។
ការដាក់ពង្រាយនេះត្រូវបានប្រកាសថា ជាផ្នែកមួយនៃសមយុទ្ធរួមគ្នាដែលដឹកនាំដោយប្រទេសដាណឺម៉ាកហៅថា Operation Arctic Endurance ប៉ុន្តែហេតុផលពិតប្រាកដគឺដើម្បីរៀបចំសម្រាប់ការវាយប្រហារដែលអាចកើតមានលើ Greenland តែប៉ុណ្ណោះ។
ប្រភពពី DR ដដែលបានរាយការណ៍ថា រដ្ឋាភិបាលដាណឺម៉ាកនៅពេលនេះ បានសម្រេចចិត្តថា ទាហានពួកគេនឹងប្រយុទ្ធប្រសិនបើ Greenland ត្រូវបានវាយប្រហារ ហើយផ្លូវរត់នៅ Nuuk និង Kangerlussuaq នឹងត្រូវបានបំផ្ទុះភ្លាមៗ ដើម្បីការពារយន្តហោះយោធាពីការចុះចត។
តាមមន្ត្រីការពារជាតិដាណឺម៉ាកម្នាក់បាននិយាយថា អាមេរិកនឹងចំណាយតម្លៃខ្ពស់ ប្រសិនហ៊ានបើកការវាយប្រហារដណ្ដើមយកហ្គ្រីនលែន។ តែមន្ត្រីរូបនេះក៏បានទទួលស្គាល់ដែរថា ការរៀបចំកម្លាំងប្រយុទ្ធរបស់ដាណឺម៉ាកទំនងជាមិនអាចទប់ទល់ការវាយប្រហារពីអាមេរិកបានទាំងស្រុងនោះទេ ប្រសិនការប្រយុទ្ធគ្នាកើតឡើងមែន៕




