2026-03-20 14:41
18

អាមេរិកគ្រោងផលិតកាក់មាស ២៤ ការ៉ាត់ ដែលមានរូប លោក Donald Trump ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃថ្ងៃបង្កើតប្រទេស (ថ្ងៃទី ៤ ខែកក្កដា) បន្ទាប់ពីគណៈកម្មការសិល្បៈអាមេរិកបានអនុម័តរចនាបថរួច។ ហើយនៅថ្ងៃទី១៩ ខែមីនា គណៈកម្មការសិល្បៈសហព័ន្ធអាមេរិក ក៏បានធ្វើការបោះឆ្នោតយល់ព្រមលើគំរូចុងក្រោយនៃកាក់មាសនេះ។ នេះបើតាមការចេញផ្សាយពី V.N. Express នៅថ្ងៃទី២០ មីនា ឆ្នាំ២០២៦។ 

មុខមួយនៃកាក់មាសនេះ នឹងមានរូបលោក Trump នៅក្នុងបន្ទប់ Oval Office, ម្ខាងទៀតសរសេរ “1776” (ឆ្នាំបង្កើតប្រទេស) រីឯនៅម្ខាងនៃកាក់នេះនឹងសរសេរ “2026” តំណាង (ខួប ២៥០ ឆ្នាំ) និងមុខម្ខាងទៀតមានរូបសញ្ញាឥន្ទ្រីអាមេរិក។

ការអនុម័តនេះធ្វើឲ្យ អង្គភាពរដ្ឋាភិបាលអាមេរិក ដែលទទួលខុសត្រូវផលិតកាក់ ឬលុយ (United States Mint) អាចចាប់ផ្តើមផលិតកាក់បាន ខណៈទំហំ និងតម្លៃកំពុងស្ថិតក្នុងការពិភាក្សា។

តាមមន្រ្តីរដ្ឋាភិបាលអាមេរិកបាននិយាយថា ការបង្កើតកាក់មាសនេះតំណាងឲ្យ “វិញ្ញាណជាតិ និងប្រជាធិបតេយ្យ” ហើយពួកគេចាត់ទុករូបលោក Trump ថាជារូបសញ្ញាសំខាន់។

យ៉ាងណាមិញ តាមច្បាប់អាមេរិកបានចែងថា មិនអនុញ្ញាតឲ្យប្រធានាធិបតីដែលកំពុងកាន់អំណាច មានរូបលើលុយនោះទេ។ ប៉ុន្តែមានច្បាប់មួយទៀត ដែលអនុញ្ញាតឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុមានសិទ្ធសម្រេចផលិតកាក់ពិសេសបាន ដូច្នេះគេប្រើច្បាប់នេះដើម្បីមកជំនួសការហាមឃាត់ច្បាប់ខាងលើ។ 

គួរឲ្យដឹងថា មុននេះបន្តិច លោក Trump ក៏ធ្លាប់ដាក់ឈ្មោះខ្លួនឯងលើស្ថាប័ន និងអង្គភាពមួយចំនួនទៀតផងដែរដូចជា នៅវិទ្យាស្ថានសន្តិភាពអាមេរិក, មជ្ឈមណ្ឌលសិល្បៈ Kennedy និងប្រភេទនាវាយោធាថ្មីរបស់អាមេរិកជាដើម។

និយាយឲ្យខ្លីទៅ អាមេរិកចង់ធ្វើកាក់មាសដែលមានរូប លោក Trump ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាមេរិក ប៉ុន្តែចំពោះវត្ថុបំណងនេះ វាកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ ព្រោះតាមច្បាប់អាមេរិកមិនអនុញ្ញាតឲ្យធ្វើបែបនេះទេ៕