2023-07-11 12:35
626

ភ្នំពេញ៖ ក្រុមការងារហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានា ចំនួន ៣ ៧៧៧ គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២ ២៦៦ គណនី កំពុងពិនិត្យដោះស្រាយ ៤៥៥ គណនី 

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរថា ថ្ងៃនេះ ខ្ញុំសូមបន្តជម្រាបជូនបងប្អូនជនរួមជាតិ អំពី លទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៣

តាមរបាយការណ៍របស់ក្រុមការងារតាមដានហ្វេសប៊ុករបស់សម្តេច ស ខេង បានឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្នុងរយៈពេល ៦ខែ ឆមាសទី១ ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និង សំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន ៣៩៧ គណនី បានដោះស្រាយ និងឆ្លើយតប ចំនួន ១៣២ គណនី កំពុងដោះស្រាយចំនួន ១៨១ គណនី

បើគិតពីខែកក្កដា ឆ្នាំ២០២០  ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣ ៧៧៧ គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២ ២៦៦ គណនី កំពុងពិនិត្យដោះស្រាយ ៤៥៥ គណនី។ 

ក្នុងគណនីហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ

សម្តេចក្រឡាហោម សូមកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ល។

សម្តេចក្រឡាហោម ស ខេង ក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។ 

សម្តេចក្រឡាហោម បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។ 

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ក៏សូមការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕