2023-07-11 16:08
574

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា បោះឆ្នោតគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ ជាពិសេសការពារសុខសន្តិភាព និងស្ថេរភាពនយោបាយតែម្តង។

ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្នុងឱកាសសម្ដេវបានបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៣ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចក្រឡាហោម សខេង បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ "ទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាល៦ ឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិ បន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩"។

សម្ដេចក្រឡាហោម បានលើកឡើងថា ដោយសង្ខេបអំពីវឌ្ឍនភាព នៃការអភិវឌ្ឍក្នុងខេត្តព្រៃវែង និយាយជារួម និងដោយឡែកក្នុងស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្ត្រ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងបានបើកការដ្ឋានសាងសង់ស្ពាន និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលនឹងផ្ដល់ផលវិជ្ជមានដល់ការអភិវឌ្ឍក្រុង ស្រុកទាំង៣ និងខេត្តព្រៃវែង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងបី និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣បខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

សម្តេចក្រឡាហោម បញ្ជាក់ថា សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ស៊ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ៕