2023-07-26 11:02
565

 

ភ្នំពេញ៖ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀត ក្នុងការបោះឆ្មោតសកលឆ្នាំ២០២៣នេះ។


   ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា សម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»។
   លិខិតរបស់ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្រ្តី បានបន្តថា «ចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ»។
   សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានគណបក្សនយោបាយ ចំនួន ១៨ បានឈរឈ្មោះក្នុងការប្រកួតប្រជែងគ្នា ក្នុងនោះគណបក្សប្រជាជកម្ពុជា ទទួលបានសម្លេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី៕