2023-08-03 11:25
523


ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតក្នុងខេត្តកណ្តាល យ៉ាងយូនៅឆ្នាំ២០២៦ ខាងមុខនេះ នឹងបើឲ្យដំណើរការជាផ្លូវការ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះក្នុងពេលដែលសម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ រង្វង់មូលមហាវិថី ឈ្នះ-ឈ្នះ ផ្លូវជាតិលេខ១ និងផ្លូវខ្នែង។ 
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យ៉ាងយូរឆ្នាំ២០២៦ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការហើយ»។ សម្តេចតេជោ បានបន្ថែមថា «ដល់ពេលនោះនាយករដ្ឋមន្ត្រីថ្មីគេនឹងទៅសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។។ 
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង សាងសង់លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ។ 
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ហើយសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិន។

សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មី ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបានហើយក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕