2023-08-08 14:12
566

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្រោយពីឯកឧត្តម ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់ តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តថា “នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

 ខាងលើនេះ គឺជាការសរសេរបង្ហោះលើបណ្តាញសង្គម របស់់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។ 

 ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ថា “ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះ សម្ដេច ឯកឧត្តម  លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរ ចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា”។

 ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកសារអបអរសាទរនេះ គឺជាការលើកទឹកចិត្តដ៏មហិមា ចំពោះឯកឧត្តម។ ក្នុងនោះឯកឧត្តមបានប្តេជ្ញាចិត្ត ខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

 សូមរំឭកថា នៅថ្ងៃទី០៧ ខែសីហា  ឆ្នាំ២០២៣ កន្លងទៅ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា  សម្រាប់អាណត្តិទី៧ នៃរដ្ឋភា ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តម រៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីសុំការគាំទ្រពីរដ្ឋសភា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

 ចំពោះការត្រាស់បង្គាប់ចាត់តាំងឱ្យឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីរាជការគ្រប់ឋានៈនុក្រម កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសម្តែនូវការអបអរសាទរ និងគាំទ្រយ៉ាងមុតមាំបំផុត៕