2023-08-10 17:38
743


បន្ទាយមានជ័យ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងក្តៅគគុកបានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំ បង្កឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការឈឺក្បាលស្មុកស្មាញគ្រប់បែបយ៉ាង ប៉ុន្តែចុងក្រោយត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ និងឯកភាពគ្នាក្រោយការចូលខ្លួនសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ដោយអនុវត្តន៍ ដើរតាមគោលនយោបាយ និងយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
   សម្រាប់ការផ្សះផ្សារកផ្លូវកណ្តាលយកបញ្ហាដាក់លើតុជជែកគ្នាដោយសន្តិវិធីរក ឬច្រកចេញដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ដើម្បីផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធ ជាពិសេសជៀសវាងការកាប់ចាក់បង្ហូឈាមគ្នា ក្រោយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត រហូតដល់ថ្នាក់កំពូលឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ» គ្មានអ្នកចាញ់ដើរស្របតាមមាគារ៌ដ៏ឈ្លាសវៃរបស់សម្តេចតេជោ។
   ជាក់ស្តែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារអន្តរនិស័យ មន្ត្រីជំនាញសូរិយោដី បានចុះចែកសេចក្តីសម្រេចរបស់ខេត្តជួនប្រជាពលរដ្ឋដែលទទួលចំណែកក្បាលដីកម្មសិទ្ធផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងទៅជាប្រយោជន៍ផ្សេងៗទៀត តាមភាពចាំបាច់ និងជាកស្តែងរៀងៗខ្លួន។

   ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ដែលជាអ្នកទទួលសិទ្ធក្នុងការស្វែងរកដោះស្រាយពីភាគីម្ចាស់អចលនទ្រព្យជាមួយភាគីទំនាស់ (ប្រជាពលរដ្ឋ) ដោយមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចមានការពាក់ព័ន្ធបានលើកឡើងថា ដីទំនាស់រវាងម្ចាស់កម្មសិទ្ធស្របច្បាប់ជាមួយប្រជាពលេដ្ឋអនាធិបតេយ្យចូលមកចាប់ដី សង់រោង ខ្ទម រស់នៅដោយមានមេខ្សល់ខ្យល់រៀបចំយុទ្ធសាស្ត្របង្កឲ្យមានបញ្ហាស្មុកស្មាញ ស្ថិតក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គឺកើតមានអស់រយៈពេល ២១ឆ្នាំ។
   ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានរំឭកនូវសាវតាខ្លះៗអំពីទីតាំងដីមានជម្លោះនោះថា វិវាទដីធ្លីក្នុងតំបន់អូរស្វារអិលនេះ ក្នុងអំឡុងឆ្នាំ២០១៧ រវាងប្រជាពលរដ្ឋចូលចាប់ដីអនាធិបតេយ្យ ដែលមានមេខ្យល់រៀបចំ និងចាត់ចែងតាមផែនការ ប្រឆាំងតវាជាមួយម្ចាស់ដីដែលបានទិញ-លក់ត្រឹមត្រូវ។ 
   ក្រោយមានវិវាទការដោះស្រាយចាប់ផ្តើមក៏កើតមានជាបន្តបន្ទាប់ និងមានការប្តឹងផ្តល់គ្នាជាច្រើន ប៉ុន្តែរកច្រកចេញមិនឃើញនោះ ទើបធ្លាក់មកដល់ដៃបណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងឲ្យម្ចាស់ដីចូលទៅស្រាចជ្រាវនូវសាវតាអំពីបញ្ហាទំនាស់ដីធ្លីនេះ ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធរកឃើញនូវចំណុចសំខាន់ ក៏ចាប់ផ្តើមចរចាពីគ្រប់ភាគី ដើម្បីផលប្រយោជន៍រួមទាំងម្ចាស់ដី និងអ្នកចូលមកកាន់កាប់ដោយខុសច្បាប់ ដោយឈរលើគោលនយោបាយ «ឈ្នះ-ឈ្នះ» ស្រមតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ចាប់ផ្តើមឯកភាពគ្នាជាបណ្តើៗ រហូតបញ្ចប់ជម្លោះទាំងស្រុង នៅឆ្នាំ២០១៩។ បន្ទាប់ការសម្របសម្រួលឯកភាពគ្នា ក្រោមការពិនិត្យ យកចិត្តទុកដាក់របស់អាជ្ញាគ្រប់លំដាប់ថ្នាក់ក៏មានផ្លាស់ប្តូទីតាំងចែកក្បាលដីតាមភាពជាក់ស្តែង ទីតាំងផ្សេងដោយការឯកភាពគ្នា និងកិច្ចសន្យាដោះស្រាយវិវាទ។

   ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា ក្រោយពីការចរចាគ្នាចប់សព្វគ្រប់ក៏បានរៀបចំទីតាំងថ្មីឲ្យពួកគាត់បែកចែកជួនហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបំពេញតាមនិតិវិធី រហូតផ្តល់ជូននូវសេចក្តីសម្រេចកំណត់លេខក្បាលដីយកមកចែកជួនពួកគាត់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។
   ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ សីហា ម្សិលមិញ បានថ្លែងថា «បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១៩ឆ្នាំ របស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ទំនាស់ ក្រោមគោលនយោបាយ [ឈ្នះ-ឈ្នះ]  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រគល់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប្រគល់លេខសម្គាល់ក្បាលដីឲ្យពួកគាត់គ្រប់គ្រង និងប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ»។ 
   ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា «ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តតំណាងឲ្យរដ្ឋាភិបាល បានប្រគល់នូវឯកសារផ្លូវការជួនបងប្អូនប្រជាពលរដ្ឋ សម្រាប់ទុកជាកេរ្តិ៍មរតក និងប្រើប្រាស់តាមភាពជាក់ស្តែង»។ លោកបន្តទៀតថា «ករណីបញ្ចប់វិវាទនេះ គឺមានការផ្តួចផ្តើមគំនិតរបស់លោកអគ្គនាយកទូរទស្សន៍ msj ម៉េង សុភ័ណ្ឌ ក្នុងការសម្របសម្រួល និងរិះរកវិធីដោះស្រាយស្របតាមយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺគោលនយោបាយ [ឈ្នះ-ឈ្នះ] ក្នុងនោះក៏មានការចូលរួមពីតំណាងរបស់បងប្អូនប្រជាពលរដ្ឋមានលោកឧត្តមសេនីយ៍ ម៉ាន់ ពៅ  ផងដែរ»។
   អភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «វិវាទដីធ្លីនៅតំបន់អូរស្វារអិលនេះ ត្រូវបានដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ២០១៩ ហើយទំនាស់នេះចាប់ផ្តើមកើតមានក្នងឆ្នាំ២០០០ គិតទៅ ១៩ឆ្នាំ ដោយភាគីទាំងសងខាងជួបការលំបាកគ្រប់បែបយ៉ាង រហូតចុងក្រោយភាគីជម្លោះបានចូលតុចរាចរក្រោមយុទ្ធសាស្ត្រគោលនយោបាយ [ឈ្នះ-ឈ្នះ] របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕