2023-08-17 18:25
575

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបន្ដអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈការបង្កើតរាជដ្ឋាភិបាលថ្មីនាពេលខាងមុខនេះនឹងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនស្ទើរតែទាំងស្រុងនោះ។ 
   នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «សម្ដេចនឹងចាកចេញពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ហើយសម្ដេច គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មីផងដែរ»។ 
    សម្តេចក្រឡាហោម មានប្រសាសន៍ថា «អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស»។ 
    សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំ គាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជម្នះបានបញ្ហាទាំងឡាយដែលបានកំពុងកើត ដើម្បីនាំកម្ពុជា មានសុខសន្ដិភាព ស្ថិរភាព និងមានការអភិវឌ្ឍបន្ដទៀត»។ 
    សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «សម្រាប់មន្ដ្រីក្រសួងមហាផ្ទៃ អ្នកខ្លះផ្ទេរចេញកន្លែងថ្មី និងអ្នកខ្លះទៀតបន្ដការងារក្នុងក្រសួងមហាផ្ទៃដដែល។ យ៉ាងណាក៏ដោយសម្ដេចបានផ្ដាំផ្ញើ និងរំលឹកដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងធ្វើការងារបន្ដទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើជាតិ និងប្រជាជនឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀតផងដែរ»។ 
    សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះមន្រ្តីនៃក្រសួង មហាផ្ទៃទាំងអស់ដែលបានសាមគ្គីគ្នាខិតខំបំពេញការងាររួមគ្នា ក្នុងការជួយរាជរដ្ឋាភិបាលនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឲ្យមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ និងចូលរួមដោះស្រាយរាល់បញ្ហានានា  តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ៕