2023-08-22 12:19
583

ភ្នំពេញ៖ ថ្លែងក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ»។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ក្នុងការប្តេជ្ញាចិត្តឥតរាថយ និងក្នុងភាពកាន់តែស្វាហាប់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ»។

នាយករដ្ឋមន្ត្រីវ័យក្មេងទើបឡើងកាន់តំណែងនាពេលនេះ បានលើកបន្ថែមទៀតថា នៅក្នុងស្មារតីនេះហើយដែលរាជរដ្ឋាភិបាល បានរៀបចំឡើង នូវ «កម្មវិធីនយោបាយ» របស់ខ្លួនដោយផ្អែកលើកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ (២០២៣-២០២៨) ដែលគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់សុំការគាំទ្រពីជនរួមជាតិ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាខែកក្កដា កន្លងទៅ ។

នៅក្នុងឱកាសដ៏វិសេស វិសាលនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ជូនអង្គរដ្ឋសភា នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាលាយលក្ខណ៍អក្សរ និងសូមការអនុញ្ញាតកត់ត្រាឯកសារដ៏មានសារៈសំខាន់នេះ ក្នុងកំណត់ហេតុផ្លូវការនៃសម័យប្រជុំពេញអង្គរបស់រដ្ឋសភាដោយអនុគ្រោះ ។

ចំពោះខ្លឹមសារ «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា និង តាមរយៈរដ្ឋសភា ជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅនាពេលនេះ ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន៕