2023-08-28 12:09
581

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៅវេលាម៉ោង៩និង០០នាទីព្រឺក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ព្រះអង្គនឹងស្តេចយាងធ្វើដំណើរទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

នាឱកាសអមព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ព្រះអង្គស្តេចយាងធ្វើដំណើរទៅពិនិត្យសុខភាព នៅប្រទេសចិននេះ ឃើញមានវត្តមានឥសរជនកំពូលៗរបស់ជាតិ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបផងដែរ។

ក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឱ្យដឹងថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព”។

នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕