2023-08-29 09:39
681

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា បានលើកឡើងថា «កិច្ចការស្នូលសំខានរបស់រាជរដ្ឋាភិបាលថ្មី គឺការបង្កើតការងារ និងបង្កើតនូវអាជីព ដើម្បីឲ្យគាត់អាចមានចំ​ណូលខ្លួនឯង នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈជាង ៤០ឆ្នាំនឹងបន្តធ្វើទៅទៀត»

ការលើកឡើងរបស់ឯកឧត្តមកិត្តិទេសាភិបាលសបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ដែលមានកម្មករ និយោជិកជាង ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៣ ក្នុងខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំជាមួយកម្មករ-និយោជិតនៅថ្ងៃនេះ មានគោលបំណងពីរ។ ទី១- អរគុណដល់កម្មករ-និយោជិត ដែលបានខិតខំបំពេញការងារ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី និងទី២- ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការរក្សាសុខសន្តិភាព, បន្តការកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។ ហើយកិច្ចការស្នូលមួយ គឺការបង្កើតការងារ និងបង្កើតនូវអាជីព ដើម្បីឲ្យគាត់អាចមានចំ​ណូលខ្លួនឯង នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើក្នុងរយៈជាង ៤០ឆ្នាំនឹងបន្តធ្វើទៅទៀត៕