2023-08-30 12:07
516

ភ្នំពេញ៖ អតីតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ចេញសារបន្ទាន់មួយរំឭកដល់មន្ត្រីបន្តវេនថា «តាមស្ថាប័នសូមមាន
ការប្រុងប្រយ័ត្នលើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំ.......!» 

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៥ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែម លើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរៀបចំ»។ 

អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជារូបនេះ បានសរសេរបញ្ជាក់ថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ 

សូមរំឭកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្នុងពិធីជួបជុំរវាងគណៈរដ្ឋមន្ត្រីចាស់ និងមន្ត្រីបន្តវេន នៅវិមាន៧មករា រាជធានីភ្នំពេញ មុនការរៀបចំគណៈរដ្ឋមន្ត្រីថ្មី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការធ្វើនយោបាយគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយហៅថាកំណែទម្រង់ត្រឹមដោះដូរមនុស្សគណបក្សនយោបាយមួយនោះនឹងស្លាប់ ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុត»។ 

អតីតនាយករដ្ឋមន្ត្រីពោពេញដោយបទពិសោធន៍ របស់កម្ពុជា ធ្លាប់បានថ្លែងថា «ជោគជ័យរបស់ ហ៊ុន សែន ចាប់ផ្តើមពីមនុស្ស ០៥នាក់ ប៉ុន្តែរហូតមានមនុស្សរាប់លាននាក់ដែលនៅជាមួយហ៊ុនសែនទាំងអស់តាមរបៀប [រក្សាចាស់បង្កើនថ្មី] នេះជាទម្លាប់របស់ហ៊ុនសែន»។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់លើកឡើងដែរថា «ជោគជ័យដែលទទួលបានកន្លងទៅ ដែលប្រជាពលរដ្ឋបោះឆ្នោតភ្លូកភ្លូកដីឲ្យគណបក្សប្រជាជន ក្នុងចំណោម ២០គណបក្ស តើវាបានមកពីការខិតខំរបស់ហ៊ុន សែនម្នាក់ឯក? ឬបានមកពីខិតខំរបស់គណបក្សទាំងមូល? ច្បាស់ណាស់សម្លេងភាគច្រើនសំដៅហ៊ុន សែន ប៉ុន្តែហ៊ុន សែនម្នាក់ឯង អនុវត្តទៅកើតទេ? បើបណ្តារដ្ឋមន្ត្រី និងស្ថាប័ននានាមិនបានអនុវត្តនោះ ទី១-ប្រជាជនមិនខ្វះការជ្រើសរើសទេ ឬប្រជាជនមិនទៅចូលរួមតាមការបោះតាមការអំពាវនាវរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ទី២- ពួកគាត់ទៅបោះឆ្នោត ប៉ុន្តែពួកគាត់គូសក្រវាត់ចោល និងទី៣- ពួកគាត់ទៅបោះឆ្នោតប៉ុន្តែគូសឲ្យគណបក្សដទៃ មិនគូសឲ្យគណបក្សប្រជាជនទេ ប៉ុន្តែហេតុអ្វី? ពួកគាត់គូសឲ្យព្រោះអាណត្តិទី៦ ដែលយើងកំពុងធ្វើនេះ ទទួលបានជោគជ័យធំណាស់សម្រាប់ប្រទេសទាំងមូល ក៏ដូចជាតាមក្រុមគ្រួសារនិយមួយៗ»។ 

សម្តេចតេជោ ក៏ធ្លាប់បញ្ជាក់ថា «ប្រសិនបើកជោគជ័យហើយបោះបងមន្ត្រីដែលខិតខំប្រយុទ្ធដើម្បីយកឈ្នះនេះ តើហ៊ុន សែន អរគុណធម៌ប៉ុណ្ណាទៅ? ខ្ញុំបានខ្សឹបជាមួយសម្តេចក្រឡាហោម ស ខេង ថាតើមន្ត្រីរបស់យើងអាចឆ្លងផុតអាណត្តិទី៦ បុន្មាន? និងមិនផុតប៉ុន្មាន? ព្រោះឃើញមានអ្នកខ្លះទ្រុតទ្រោមឆ្លងកាត់អាណត្តិទី៦ផុត ឬអត់? ហើយការស្លាប់វាចៀសមិនរួចទេ»។ 

សម្តេចតេជោ ហ៊ុន សែន បានលើជាឧទាហរណ៍ថា «ការប្រកួតមួយត្រូវបានឈ្នះ ប៉ុន្តែទីចុងបំផុត ត្រូវបានទាន់ចោល ដល់អាណត្តិក្រោយ ហ៊ុន សែន ប្រើអ្នកណាទៀត? តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្ត្រឈ្នះសង្គ្រាម? ខ្ញុំមិនត្រូវការឈ្នះសង្គ្រាមតែក្នុងសមរភូមិទេ គែត្រូវការឈ្នះរហូតតាមរយៈ [រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី]៕