2023-09-05 17:31
544

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើល និងបានសរសេរយ៉ាងដូច្នេះថា  “ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ ៤៧ឆ្នាំ”។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា “ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ”។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំ និងសូមគោរពលាពីចម្ងាយ”។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលបានរៀចចំធ្វើឡើង នៅរដ្ឋធានីហ្យាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូរអាស៊ាន អាស៊ានបូក បានអញ្ជើញចូលរួមយ៉ាងច្រើនកុះ ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន៕