2023-09-08 11:29
516

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា «ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី ក៏ប៉ន្តែទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់»។ 

ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងបែបនេះ នារាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។ 

សម្តេចរដ្ឋសភាធិបតី បានលើកឡើងបន្ថែបថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបលើកទី២៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានភ្ជាប់ឡើងវិញនាឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ភាពជាដៃគូនិងសហប្រតិបត្តិការទ្វេភាគីបានកើនឡើង ហើយត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ស្ទើរគ្រប់វិស័យ។ មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ត្រូវបានវេញជាប់គ្នាដោយផ្អែកលើភាពជឿទុកចិត្ត គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនេះ នឹងនៅស្ថិតស្ថេរគង់វង្ស ហើយកាន់តែរីកលូតលាស់ ខ្លាំងឡើងថែមទៀតទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កាន់តែរឹងមាំនិងរីកចម្រើនឡើង ទៅថ្ងៃអនាគត។

ឯកឧត្តម គីម ជីនព្យូ បានលើកឡើងថា នៅក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកសាងសមិទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន។ ទំហំពាណិជ្ជកម្មកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ២០ដង បើប្រៀបធៀបទៅអតីតកាល។ កម្ពុជានិងសាធារណរដ្ឋកូរ៉េ គឺជាដន្លងនឹងគ្នា។ ចំណងអាពាហ៍ពិពាហ៍ប្រជាជន នៃប្រទេសទំាងពីរដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េបានផ្តល់កំណើតប្រមាណជាង ១ម៉ឺននាក់។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េបានសន្យានឹងរួមសហការជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងការពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត នាពេលអនាគត។

ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីជំនួបទ្វេភាគី រវាងថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរកាលពីព្រឹកមិញ ដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភា គីរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត៕