2023-09-09 13:32
620

កំពង់ស្ពឺ៖ ប្រមុខថ្នាក់ដឹកកម្ពុជាថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវគោលនយោបាយកំណែទម្រង់ក្នុងការប្រជ្រើសក្របខណ្ឌមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវប្រកាន់យកគោលការណ៍ថ្នាក់ជាតិតែមួយ គឺតម្លាភាព យុត្តិធម៌ និងប្រកាន់យកខ្ជាប់ជានិច្ច «អ្នកចេះ គឺជាប់»

 សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការប្រឡងជ្រើសមន្ត្រីរាជការឲ្យចូលក្របខណ្ឌបានចេញគោលការណ៍មួយផ្អាកសិន ដើម្បីរៀបចំយន្តការថ្នាក់ជាតិមួយ មិនមែនយន្តការណ៍ពីមុខយ៉ាងម៉េចទេប៉ុន្តែដើម្បីឲ្យមានគុណភាព យើងនឹងរៀបចំយន្តការថ្នាក់ជាតិ ចាប់ផ្តើមនូវគោលការណ៍ កំណែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី គឺទី១- កំណែទម្រង់មុខងារសាធារណៈ និងទី២- ក្នុងការប្រឡងចូលមន្ត្រីរាជកានោះតែម្តង»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «នៅមុខយើងនឹងរៀបចំការប្រឡងមានគណៈកម្មការ យន្តការថ្នាក់កណ្តាល សហការជាមួយក្រសួងជំនាញ ដោយជំនាញនិមួយៗមានប្រធានបទ មានវិញ្ញាសារខុសៗគ្នា គឺពិនិត្យធ្វើយ៉ាងណា ដើម្បីឲ្យបានត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ក្នុងការធានា «អ្នកចេះ គឺជាប់»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសូមអភ័យទោសចំពោះបងប្អូន ដែលបានដាក់ពាក្យប្រឡងរួចហើយ ត្រូវប្រឡងប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវផ្អាកបន្តិចសិន។ យើងមិនបញ្ឈប់ការប្រឡងទេ គ្រាន់តែខិតខំពន្លឿននិតិវិធីរៀបចំការប្រឡងឲ្យបានល្អប្រសើរ គឺចេញដេប៉ាឲ្យស្មើគ្នា អត់មានក្រសួងនេះអញ្ចេះ ក្រសួងនោះ អញ្ចុះនោះទេ គឺ «យន្តការថ្នាក់ជាតិតែមួយ សម្រាប់មន្ត្រីក្របខណ្ឌទាំងអស់ ត្រូវប្រឡងឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ សម្រាប់មន្ត្រីកិច្ចសន្យាត្រូវប្រឡងតាមគោលការណ៍ក្រសួងនិមួយៗ ប៉ុន្តែត្រូវធានាឲ្យបាន តម្លាភាព យុត្តិធម៌ផងដែរ»

 សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត  ចំនួនជាង ១៨,០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកពីរោងចក្រ សហគ្រាស ចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង។ ក្នុងនោះ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន១។

 សូមបញ្ជាក់ថា ជំនួបនៅថ្ងៃទី០៩ ខែកញ្ញានេះ គឺជាជំនួបលើកទី៣ហើយ ក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត  ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈជំនួបលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងលើកទី២ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ  ខេត្តកណ្តាល៕