2023-09-12 16:25
595

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ០៣ថ្ងៃ»។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ 

អញ្ជើញអមដំណើរជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា។ 

ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំងកិច្ចការតំបន់ និងអន្តរជាតិដែលផ្ដល់ផលប្រយោជន៍រួម។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។ 

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ 

ស្របពេលដែលកម្ពុជា និងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕