2023-09-16 08:55
548

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញ របស់សាធារណរដ្ឋប្រជាមានិតចិន។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៃថ្នាក់ដឹកនាំមហាកំផែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំផែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំផែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំផែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំផែងនេះ ពីមុនៗក៏ពិតមែន។ 

លោកជំទាវបណ្ឌិតមានប្រសាសន៍លើកឡើងថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណងប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៌វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានមកទស្សនាដោយផ្ទាល់មហាកំផែង ជាប្រវត្តិសាស្រ្តមានតម្លៃមហាសាល របស់ប្រទេស និងប្រជាជនចិន។ 

សូមបញ្ជាក់ថា មហាកំផែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយតំរៀបគ្នាជាបន្តបន្ទាប់ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែនភាគខាងជើងនៃរដ្ឋចិនបុរាណ និង អធិរាជចិន ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុមពនេចរផ្សេងៗ ពីតំបន់ខាងក្រៅ។ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សទី 7 មុនគ្រឹស្តសករាជ ជាមួយនឹងការសាងសង់លាតសន្ធឹងបន្តបន្ទាប់ទៀតដោយអធិរាជ ឈីន សុី ហ័ង (Qin Shi Huang) ដែលជាអធិរាជទីមួយនៃប្រទេសចិន ក្នុងឆ្នាំ 220 ដល់ឆ្នាំ 206 មុនគ.ស។

ក្រោយមកទៀត ខ្សែរាជវង្សបន្តបន្ទាប់ជាច្រើនបានកសាង និងថែរក្សាជញ្ជាំងបន្ទាយព្រំដែនជាច្រើនខ្សែនេះ។  ជញ្ជាំងព្រំដែនដែលកសាងឡើងដោយរាជវង្សផ្សេងៗគ្នាមានសណ្ឋានខុសៗគ្នាជាច្រើនផងដែរ។ ជញ្ជាំងកំផែងភាគច្រើនធ្វើពីថ្ម ឬដោយពុម្ភដីចាក់លាយជាមួយក្រួស។ផ្នែកដែលល្បីបំផុតនៃជញ្ជាំងត្រូវបានសាងសង់ឡើងដោយរាជវង្សមីង ក្នុងឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤។ 

ក្រៅពីជាបន្ទាយការពារ គោលបំណងផ្សេងទៀតនៃមហាកំផែងបានរួមបញ្ជូលនៃការគ្រប់គ្រងព្រំដែន ដែលអនុញ្ញាតឱ្យមានការយកពន្ធលើទំនិញដែលដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសូត្រនេះ ការធ្វើពាណិជ្ជកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ និងចំណាកស្រុក។លើសពីនេះ មហាកំផែងត្រូវបានពង្រឹងជាលក្ខណៈការពារដោយការសាងសង់ប៉មយាម បន្ទាយទាហាន ស្ថានីយ៍យោធភូមិ ដែលមានសមត្ថភាពផ្តល់សញ្ញាតាមរយៈផ្សែង ឬភ្លើង។ មហាកំផែងមានប្រវែងសរុប 21,196.18 គីឡូម៉ែត្រលាតសន្ធឹងពី ឧបទ្វីប ឡៅ ទុង (Liaodong) នៅភាគខាងកើត ប្រទេសចិន ទៅ ឧបទ្វីប លុប លេគ (Lop Lake) (ជាភាសម៉ុងហ្គោលី) ប្រែថាបឹងអំបិល នៅភាគខាងលិច និងពីព្រំដែនចិន-រុស្ស៊ីបច្ចុប្បន្ន នៅភាខាងជើងទៅទន្លេតាវ នៅភាគខាងត្បូង។ 

សព្វថ្ងៃនេះ បន្ទាយការពារនៃមហាកំផែងត្រូវបានទទួលស្គាល់ជាទូទៅថាជាស្នាដៃស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន។ បច្ចុប្បន្នមហាកំផែងចិន ទទួលបាននូវការចូលរួមទស្សនា ពីបណកតាមឹដឹកនាំពិភពលោក អ្នកទេសចរណ៍អន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុងរាប់លាននាក់ ក្នុងមួយឆ្នាំៗ។ សូមបញ្ជាក់ដែរ ក្នុងឱកាស នៃការអញ្ជើញទស្សនាមហាកំផែងនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាស ទុកជាអនុស្សាវរីយ៍ដើម្បីបញ្ជាក់ពីវត្តមានពេលវេលាថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំផែង ដើម្បីទុកជាអនុស្សាវរីយ៍រក្សាទុកក្នុងបណ្ណាល័យរបស់មហាកំផែង។ នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំផែង បានជូនសៀវភៅរូបថតមហាកំផែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ក្ ងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕