(កំពត) ៖ នាថ្ងៃទី ២០ ខែកញា ឆ្នាំ២០២៣នេះឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានដឹកនាំក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត ចុះដាក់ថ្នាំសម្លាប់មូសតាមពាងទឹក អាងទឹក តាមផ្ទះប្រជាពលរដ្ឋដែលមានទីកន្លែងពាក់ព័ន្ធសំបុកមូសខ្លានានា នៅទូទាំងភូមិសាស្រ្តមូលដ្ឋានខេត្តកំពត។
ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានស្នើទៅដល់មន្ត្រីសុខាភិបាលនិងជំរុញក្រុមការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងគ្រុនឈិក ចេះធ្វើសកម្មភាពចុះដាក់បែកនិងផ្សព្វផ្សាយដល់សាលាអប់រំជំងឺគ្រុនឈាមដល់សហគមន៍។ដោយគ្មានចូលពីក្រុមស្ម័គ្រចិត្តសុខភាពភូមិសហការជាមួយរដ្ឋបាលក្រុងស្រុកនិងធំសង្កាត់ដើម្បីឲ្យចូលរួមទប់ស្កាត់អត្រាឆ្លងនៃជំងឺគ្រុនឈាមនេះ។
ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានបញ្ជាក់ឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតាមការណែនាំ ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរសុខាភិបាលខេត្តកំពត បានចុះអនុវត្តធ្វើយុទ្ធនាការ ជាក់ស្ដែងចុះដំណើរការដាក់ថ្នាំសម្លាប់មូសតាមពាងទឹក អាងទឹក ប្រជាពលរដ្ឋ និងចុះផ្សព្វផ្សាយអំពាវនាវ ដល់គ្រប់មជ្ឈដ្ឋាននៅទូទាំងភូមិសាស្ត្រខេត្តកំពត ដើម្បីធានាសុវត្ថិភាពសុខភាព ជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម។
ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថនប្រធានមន្ទីរសុខាភិបាល បានស្នើទៅដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តចុះដាក់ថ្នាំសម្លាប់តាមពាំងទឹក និងអាងទឹកដើម្បីសម្លាប់មូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ឲ្យជាប់ជាប្រចាំផងដែរ។
ក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួនកុំឲ្យឆ្លងជំងឺគ្រុនឈាម។
ម៉្យាងទៀតយុទ្ធនាការនេះ ក៏មានការដាក់ថ្នាំអាលប៊ែត តាមផ្ទះប្រជាពលរដ្ឋ និងមានបាញ់ថ្នាំសម្លាប់មូសខ្លា តាមទីសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះ កុំឲ្យ កើតមានឡើងជាបន្តទៀត។
លោកថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានយ៉ាងឆាប់រហ័ស តាមរយៈទឹកដក់ ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ ទឹកភ្លៀងជាជម្រកមូសខ្លា)។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវ សូមកុំទុកដាក់សំបកកង់ឡាន កង់ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៍ ព្រោះជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់។
ចំពោះក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់។
តាមរយៈបទពិសោធន៍ការសិក្សា ស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម នាពេលកន្លងមកបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្ដង។
ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យទាំងវ័យក្មេង និងមនុស្សចាស់ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់រងថ្លា គ្មានក្លិនដូចជាពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែងបោះចោល ពិសេសសំបកកង់ឡាន ម៉ូតូ កំប៉ុងជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល វាអាចបង្កើតជាប្រភពដក់ទឹក និងជាជម្រកសត្វមូសផងដែរ។
ក្រសួងសុខាភិបាលដែលបានណែនាំក្រើន រំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តឱ្យមានការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារបង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុន ក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០ អង្សាសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យត្រូវធ្វើឲ្យបានឆាប់រហ័សឱ្យបានលឿនបំផុត។(សឹង រ៉ាត់)