2023-10-09 11:45
617

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពនិស្សិត  ចាន់  ឧត្តម  និងសម្តែងការសោកស្តាយបំផុត ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា។ 
​​​   ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ មានក្តីរំជួលចិត្តឥតឧបមា និងការ សោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោក លោកសី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅ និងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។ 
   សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកនូវមរណទុក្ខប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយលោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបំរើប្រទេសជាតិ ។ 
   សូមជម្រាបថា ជាមួយនឹងសេចក្តីសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា  ដោយនិស្សិត  ចាន់  ឧត្តម  និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម  បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល  និងក្រុមហាម៉ាស់  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់តាំងឯកឧត្តម  មែ  ស៉ីថន  តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី  អញ្ជេីញទៅសាកសួរសុខទុក្ខ  នាំនូវសារលិខិតមរណ:ទុក្ខ  និងរំលែកទុក្ខរបស់សម្តេចធិបតី  និងសម្តេចតេជោ  ហ៊ុន  សែន  ប្រធានគណបក្សប្រជាជនកម្ពុជា  ជូនដល់ក្រុមគ្រួសារនៃសព។ 
   សម្តេចធិបតី នាយករដ្ឋមន្ត្រី  បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារ នៃសពនិស្សិតដែលបាត់បង់ជីវិត  ដេីម្បីបញ្ជាក់ពីការសោកស្តាយ  និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត     ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស  ចៅប្រុស  និងប្អូនប្រុសជាទីស្រលាញ់  និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា  ដែលបាន និងកំពុង   បំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព  ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ  សាសនា  និងព្រះមហាក្សត្រ  និងប្រជាជនកម្ពុជា  ជាទីស្នេហាបំផុតរបស់យេីង។ 
    ព្រមជាមួយគ្នានេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត  ចាន់  ឧត្តម  បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។ 
   សូមបញ្ជាក់ផងដែរ  ដេីម្បីជួយរំលែកបន្ទុកមួយចំណែក  និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត  ចំពោះក្រុមគ្រួសារនៃសព  សម្តេចធិបតី នាយករដ្ឋមន្ត្រី  សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព  ដោយរ៉ាប់រងការចំណាយទាំងអស់៕